​ទូត​វៀតណាម​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​វៀតណាម ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​

នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ង្វៀន ម៉ិញ​វូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​សម្ដែង​នូវ​ការចាប់អារម្មណ៍​ខ្ពស់​ចំពោះ​សមិទ្ធផល​ជាច្រើន​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ស​ម្រេច​បាន​នា​ពេលកន្លងមក មាន​ជាអាទិ៍ ការរក្សាបាន​នូវ​សុខសន្តិភាព​, ស្ថិរភាព​នយោបាយ​, ការអភិវឌ្ឍ​រីកចម្រើន​ដ៏​ខ្លាំងក្លា និង ការ​លេច​ត្រដែត​ឡើង​នូវ​កិត្យានុភាព​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ។​  ឯកឧត្តម​បាន​បង្ហាញ​នូវ​ជំនឿ​ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​បវរ​ធិបតី​, កម្ពុជា​នឹង​សម្រេចបាន​នូវ​ការរីកចម្រើន និង​ការអភិវឌ្ឍ កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។ ក្នុង​ទំនាក់ទំនង​ទ្វេភាគី​, ឯកឧត្តម​អគ្គរដ្ឋទូត បាន​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការខិតខំ​ប្រឹងប្រែង​ជំរុញ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត លើ​វិស័យ​ជាច្រើន មាន​ជាអាទិ៍​៖  សេដ្ឋកិច្ច​, ពាណិជ្ជកម្ម និង​ការវិនិយោគ​, ការពារជាតិ​និង​សន្តិសុខ​, ទេសចរណ៍​, អប់រំ​, ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​, ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​, និង​ការតភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​។

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​ការអបអរសាទរ​ជូន​ចំពោះ​ឯកឧត្តម ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ជា​អ្នកជិតខាង​ល្អ​, មិត្ត​ជា​ប្រពៃណី និង​យូរអង្វែង ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់​ឯកឧត្តម​ឯកអគ្គរ​ដ្ឋ​ទូត ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត និង​បាន​លើកទឹកចិត្ត​ឯកឧត្តម​ឱ្យ សហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​-​ស្ថាន​ប័ន​ពាក់ព័ន្ធ​កម្ពុជា​៕​

Leave a Reply

Your email address will not be published. Required fields are marked *