ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៥

​រាជធានី​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែ​មាឃ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​ទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៥ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​។

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដ៏​អធិកអធម​នោះ​រួម​មាន​វត្តមាន ឯកឧត្ដម លោកជំទាវ​ថ្នាក់ដឹកនាំ ទីប្រឹក្សា​ក្រសួង មន្ទីរ​អភិវឌ្ឍន៍ជនបទ​ទាំង​២៥ រាជធានី​-​ខេត្ត មន្ត្រីរាជការ ក្រសួង​អភិវឌ្ឍន៍ជនបទ​តំណាង​ក្រសួង ស្ថាប័ន អង្គទូត ដៃគូ​អភិវឌ្ឍន៍ ភ្លៀវ​កិត្តិយស​ជាតិ និង​អន្ដរជាតិ សរុប​ចំនួន​ប្រមាណ ៧៩៥​នាក់​។​

​ឯកឧត្ដម ឆាយ ឫទ្ធិ​សែន បាន​មានប្រសាសន៍លើ​កឡើ​ង​ថា ពី​ធី​នាពេល​នេះ​អាច​ប្រព្រឹត្តទៅ​បាន​គឺ​ដោយសារ​គុណបំណាច់​នៃ “​សុខសន្តិភាព​”​ដែល​កើតចេញ​ពី​ការលះបង់​ដ៏​ធំធេង និង​ការខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​ដើម្បី​ជាតិ និង​ប្រជាជន ដោយ​យក​ជីវិត​ធ្វើ​ជា​ដើមទុន​របស់ សម្តេច​តេជោ ហ៊ុន សែន ជា​បិតា​សន្តិភាព ស្ថាបនិក​មគ្គុទេសក៍​ឯ​ក និង​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​ឈ្នះ និង​សន្ដិភាព ដែល​នាំមក​នូវ​សន្តិភាព និង​ឯកភាព​ជាតិ​ពេញលេញ​ទូទាំងប្រទេស​។

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ប្រកបដោយ​មនោសញ្ចេតនា សេចក្តីស្រលាញ់​យ៉ាង​ជ្រាលជ្រៅ សេចក្តី​នឹករឭក និង​ពរ​សព្ទសាធុការ​ពី​សំណាក់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធានព្រឹទ្ធសភា​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត ជូន​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ភ្ញៀវ​កិត្តិយស​ជាតិ អន្តរជាតិ និង​សមាជិក សមាជិកា នៃ​អង្គ​សន្និបាត​ទាំងមូល​។ ឯកឧត្ដម​រដ្ឋមន្ដ្រី បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​បញ្ញាញាណ​ភ្លឺ​ថ្លា និង​ត្រឹមត្រូវ​របស់ សម្ដេច​ធិបតី​នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ា​ណែ​ត ដែល​បន្ត​កេរ្តិ៍ដំណែល​ជា​ប្រវត្តិសាស្ត្រ​ពី​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់​របស់ សម្តេច​តេជោ ហ៊ុន សែន បាន​ដាក់ចេញ​នូវ​កម្មវិធី​នយោបាយ​សម្រាប់​ការកសាង និង​ការការពារ​មាតុភូមិ​ឆ្នាំ​២០២៣-២០២៨ ដើម្បី​បន្ត​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ និង​ដើម្បី​បន្ត​កសាង​កម្ពុជា​ប្រកប​ដោយ​សុខសន្តិភាព ឯករាជ្យ និង​មាន​ការអភិវឌ្ឍ ។​

​ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​បន្ត​លើកឡើង​ទៀតថា ដើម្បី​បន្ត​ពន្លឿន​កិច្ចអភិវឌ្ឍន៍ និង​ជំរុញ​ការអនុវត្ត​ឱ្យ​កាន់តែ​ស៊ីជម្រៅ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​ដោយ​ផ្អែក​លើ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ចំនួន ៥ គឺ​៖​ទី​១) ធានា​ឱ្យបាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​, ទី​២) បង្កើត​ការងារ​ឱ្យបាន​កាន់តែ​ច្រើន ទី​៣) សម្រេច​ឱ្យបាន​នូវ​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ ទី​៤) បន្ត​ពង្រឹង​សមត្ថភាព​អភិបាលកិច្ច និង​លើកកម្ពស់​គុណភាព​ស្ថាប័ន និង​ទី​៥) ការធានា​ឱ្យបាន​នូវ​ចីរភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម ព្រមទាំង​បាន​កំណត់​យក​វិស័យ​អាទិភាព​គន្លឹះ​ចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​ឌីជីថល ដោយ​មាន​ចក្ខុវិស័យ​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ស្របតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​ជា​សេនាធិការ​ដ៏​សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល បាននិងកំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការលើកកម្ពស់​គុណ​ភាព និង​គុណ​តម្លៃ​នៃ​ជីវិត​ប្រជាជន​នៅ​តំបន់​ជនបទ ប្រកប​ដោយ​បរិ​យាប​ន្ន ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ដើម្បី​ទទួលបាន​នូវ​ការអភិវឌ្ឍ និង​រស់នៅ​ដោយ​សុខដុមរមនា និង​ស៊ីវិល័យ ក្រោម​ចក្ខុវិស័យ ដោយ​បាន​ដាក់ចេញ​នូវ​កម្មវិធី​ជា​អាទិភាព​មាន​អាទិ៍​៖ ទី​១៖ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​គមនាគមន៍​៖ ដែល​ជា​បុរេ​លក្ខខណ្ឌ និង​ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​មាន​សារសំខាន់ តាមរយៈ​ការធ្វើសមាហរណកម្ម​ទាំង​វិស័យសេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​, ទី​២៖ ការកែលម្អ​លក្ខខណ្ឌ​នៃ​ការរស់នៅ​របស់​សហគម​ន៍​ជនបទ​៖ ធ្វើឱ្យ​ប្រជាជន​មាន​សុខភាព​ល្អ និង​មាន​បរិស្ថាន​រស់នៅ​ល្អ តាមរយៈ ការផ្តល់​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​ការអនុវត្ត​អនាម័យ​ផ្ទាល់ខ្លួន​តាម​ក្បួនខ្នាត​ត្រឹមត្រូវ​, ទី​៣៖ ការធ្វើ​ពិពិធ​កម្ម​សកម្មភាព​សេដ្ឋកិច្ច​ជនបទ​៖ ដើម្បី​ចូលរួម​បង្កើត​ឱកាស​ការងារ មុខរបរ សហគ្រិនភាព និង​ទីផ្សារ​, និង​ទី​៤៖ ការពង្រឹង​សេវា​គាំទ្រ​រដ្ឋបាល និង​កិច្ចការ​ទូទៅ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​អភិបាលកិច្ច​ក្នុង​ការគ្រប់គ្រង​រដ្ឋបាល និង​ការអនុវត្ត​ផែនការ និង​ថវិកា នៃ​កម្មវិធី​អភិវឌ្ឍន៍ជនបទ​ឱ្យមាន​ប្រសិទ្ធភាព និង​ស័ក្តិ្ត​សិទ្ធិភាព​។

​ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ការសម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​ក្នុង​វិស័យ​អភិវឌ្ឍន៍ជនបទ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​សាមគ្គីភាព ក្រោម​គោលការណ៍ “​រួម​គិត រួម​អនុវត្ត និង​រួម​ទទួលខុសត្រូវ​” និង​បាន​លើកឡើង​ពី​គុណូបការៈ នៃ​ថ្នាក់ដឹកនាំ​ជំនាន់​មុន ព្រមទាំង​ថ្នាក់ដឹកនាំ​ផ្សេងទៀត ដែល​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន ។​

Leave a Reply

Your email address will not be published. Required fields are marked *