សម្តេច ម៉ែន សំអន ប្រកាស​ខេត្តស្វាយរៀង ជា​ខេត្ត​បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ខេត្តស្វាយរៀង បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ចំនួន ១៧.៧០៨​បណ្ណ ជូន​ប្រជាពលរដ្ឋ នៅ​វត្ត​បុស​មន​លើ ស្ថិតក្នុង​ឃុំ​បុស​មន ស្រុក​រំដួល ខេត្ត​ស្វាយ​រវៀង នា​ព្រឹក​ថ្ងៃ​ចន្ទ ១២​រោច ខែ​មាឃ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥​។​

​យោងតាម​របាយការណ៍​របស់ ឯកឧត្ដម ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ក៏​បាន​គូស​រំលេច​ពី​លទ្ធផល​ធំៗ ដែល​ខេត្ត​ស្វាយរៀង​សម្រេច​បាន​កន្លងមក ទាំង​នៅក្នុង​វិស័យ​អនាម័យ​ជនបទ ដោយ​ត្រូវបាន​ប្រកាស​ជា​ខេត្ត​ទី​១ បានបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​, នៅក្នុង​សកម្មភាព​ការងារ​បោះ​សម្អាត​មីន ត្រូវបាន​ប្រកាស​ជា​ខេត្ត​ទី​៨ ក្លាយ​ជា​ខេត្ត​អស់​មីន និង​ជា​ពិសេស​នៅថ្ងៃនេះ នៅក្នុង​វិស័យ​ដីធ្លី ក៏​ត្រូវបាន​ប្រកាស​ជា​ខេត្ត (​ទី​៣) បញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ថែម​ទៀត​។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែងអំណរគុណ ឯកឧត្ដម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​គាំទ្រ​យ៉ាង​ពេញលេញ​ក្នុង​ការដឹកនាំ និង​ជំរុញ​ដល់​អង្គភាព​ពាក់ព័ន្ធ ជាពិសេស ការខិតខំ​អនុវត្ត​ការងារ​នៅ​មូលដ្ឋាន​ផ្ទាល់​របស់​មន្ត្រី​ជំនាញ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ធ្វើឲ្យ​សម្រេច​បាន​ជោគជ័​យ​តាម​ផែនការ ទិសដៅ និង​ចក្ខុវិស័យ​ដ៏​មាន​សារៈសំខាន់​នេះ ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​មគ្គុទេសក៍​ដឹកនាំ វ័យក្មេង​ដ៏​ឆ្នើម និង​ឈ្លាសវៃ បន្ត​បេសកកម្ម​ដ៏​ថ្លៃថ្លា​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា ទើប​ឈាន​ដល់​ប្រកាស​ខេត្តស្វាយរៀង​ក្នុង​ការបញ្ចប់​ការវាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃនេះ​។​

​សម្តេច​ក៏​បាន​បន្ត​ទៀត​ថា ការបញ្ចប់​ការវាស់វែង​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នឹង បម្រើ​ឧត្តមប្រយោជន៍ របស់​ប្រជាជន​គ្រប់រូប និង​ត​ជំនាន់ ជាមួយគ្នា​នេះ​វា​ជា​មូលដ្ឋាន ច្បាប់​ដ៏​រឹងមាំ ដែល​នឹង​ចូលរួម​កាត់បន្ថយ និង​បញ្ចប់​វិវាទ​ទាំងឡាយ និង​ចូលរួម​បង្កើត បរិយាកាស​គ្មាន​វិវាទ​សម្រាប់​សង្គមជាតិ ដែល​ជា​ឫសកែវ​នៃ​សុខសន្តិភាព​។ ម្យ៉ាងវិញទៀត ការបញ្ចប់​ការវាស់វែង​ដីធ្លី នឹង​អនុញ្ញាត​ឱ្យ​ខេត្ត​រៀបចំ​ប្លង់​ព្រំប្រទល់​រដ្ឋបាល និង​នាម​ភូមិសាស្ត្រ ប្លង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ទីធ្លា​សាធារណៈ ប្លង់​គោល​ប្រើប្រាស់​ដីធ្លី និង​ពង្រីក កំណើន​ជីវភាព​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​ប្រសើរឡើង​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *