មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា អញ្ជើញ​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ និង​សាកសួរ​សុខទុក្ខ​កងទ័ព​ឈរជើង​ប្រចាំ​ទិស​ទី​១ និង​ទិស​ទី​២ តាម​ខ្សែ​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ

នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ​រង មេបញ្ជាការ​កងទ័ពជើងគោក អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក បាន​អញ្ជើញ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ និង​សាកសួរ​សុខទុក្ខ​កងទ័ព​ឈរជើង​ប្រចាំ​ទិស​ទី​១ និង​ទិស​ទី​២ តាម​ខ្សែ​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២៥​។​

​ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣, ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៤, ព្រមទាំង​មេ​បញ្ជាការ​គ្រប់​បណ្តា​កងឯកភាព ឈរជើង​តាម​ខ្សែ​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ បាន​សម្តែង​ការស្វាគមន៍​ចំពោះ នាយ​ឧត្តមសេនីយ៍ មេបញ្ជាការ​កងទ័ពជើងគោក ដែល​បាន​អញ្ជើញ​មក​ត្រួតពិនិត្យ​ការងារ និង​សាកសួរ​សុខទុក្ខ បងប្អូន​កងទ័ព ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី នៅតាម​ខ្សែបន្ទាត់​ព្រំដែន នា​ឱកាស​នេះ​។

​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​សម្រេច​បាន​ក្នុង​រយៈពេល​កន្លងមក ដែល​បាន​ខិតខំ​បំពេញ​ការងារ ការពារ​ភូមិសាស្ត្រ​ទទួលខុសត្រូវ និង​បាន​ដាក់ចេញ​ទិសដៅ​ការងារ​យុទ្ធសាស្ត្រ​មួយ​ចំនួន សម្រាប់​បណ្តា​កងឯកភាព ឈរជើង​តាម​ខ្សែ​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ដើម្បី​សម្រេច​ចក្ខុវិស័យ​កសាង​ខ្សែបន្ទាត់​ព្រំដែន​មួយ​ប្រកប​ដោយ​ភាព​ពេញលេញ ច្បាស់លាស់ ស្ថាពរ និង​រឹងមាំ​។

​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ និង​ប្រតិភូ​ក៏​បាន​អញ្ជើញ​ទស្សនា និង​សួរសុខទុក្ខ​ដល់​កងកម្លាំង​ដែល​កំពុង​ឈរជើង​ការពារ​នៅលើ​ប្រាសាទ​ព្រះវិហារ ប្រាសាទ​តា​មាន់ និង​ប្រាសាទ​តា​ក្របី ព្រមទាំង​បាន​មានប្រសាសន៍​ណែនាំ​ឲ្យ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ភាគី​ថៃ មិន​បំពាន​គ្នា ឯ​រឿង​ព្រំដែន​គឺ​ទុក​អោយ​គណកម្មការ​ព្រំដែន​វាង​ប្រទេស​ទាំង​ពីរ​ជា​អ្នកដោះស្រាយ​។​

Leave a Reply

Your email address will not be published. Required fields are marked *