ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​

​ក្នុង​ឆ្នាំ​២០២៤​កន្លង​ទៅ​ក្រសួង​មហាផ្ទៃ​បាន​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​នគរបាល​អន្តរជាតិ និង​ដៃគូ​សហប្រតិបត្តិកា​រទាំ​ង​ក្នុង និង​ក្រៅ​តំបន់​សរុប​បាន​ចំនួន​៦០៦​ករណី​។ នេះ​បើ​តាម​របាយការណ៍​លទ្ធ​ផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​មហាផ្ទៃ​។​

​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ឯកឧត្តម​បណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា កម្ពុជា​តែងតែ​ចូលរួម​យ៉ាង​សកម្ម និង​មាន​ឆន្ទៈ​ខ្ពស់​ជានិច្ច ក្នុង​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ និង​បទល្មើស​នានា​ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី ពហុភាគី និង​ក្នុង​តំបន់ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​រួម ទាំង​កម្រិត​ការងារ​ក្នុង​ដែន​អធិបតេយ្យ និង​តាមរយៈ​យន្តការ​ជា​អន្តរជាតិ​។​

​ឯកឧត្តម​បណ្ឌិត ទូច សុឃៈ ក៏​បាន​ឱ្យដឹង​ដែរ​ថា នា​ឆ្នាំ​២០២៤ កន្លង​ទៅ​ដែរ​នោះ ក្រសួង​ក៏​បាន​បញ្ជូន​មន្ត្រីនគរបាល​ជាតិ​ចំនួន​៩៥៦​រូប ទៅ​ចូលរួម​វេទិកា​តំបន់ និង​អន្តរជាតិ​នានា​ចំនួន​២០៨​លើក ដើម្បី​លើកកម្ពស់​សមត្ថភាព ជំនាញ និង​ការ​ធ្វើ​ការផ្លាស់ប្ដូរ​បទ​ពិសោធន៍​ជាមួយ​បណ្ដា​ប្រទេស​ជា​សមាជិក​នគរបាល​អន្តរជាតិ និង​ដៃគូ​សហប្រតិបត្តិការ​៕

​ប្រភព​៖ មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Leave a Reply

Your email address will not be published. Required fields are marked *