​អូស្ត្រាលី អញ្ជើញ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បំពេញ​ទស្សនកិច្ច​ស្វែងយល់​អំពី​ការងារ​អន្តោប្រវេសន៍ សន្តិសុខ​សាយ​ប័រ វិម​ជ្ឈការ​និង​វិសហមជ្ឈការ​

ក្នុងឱកាស​អនុញ្ញាត​ជូន​ឯកឧត្តម Pablo Kang ភារធារី​ស្ថានទូត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នា​ព្រឹក​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សនិ្ត​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ថ្លែងអំណរគុណ​ក្រសួង​មហាផ្ទៃ​អូស្ត្រាលី ដែល​បាន​អញ្ជើញ​ឯកឧត្តម ដឹកនាំ​គណៈប្រតិភូ​ក្រសួង​មហាផ្ទៃ​កម្ពុជា ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី នា​ខែ​មិថុនា ឆ្នាំ​២០២៤ ខាងមុខនេះ​។​

​បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ទស្សនកិច្ច​នេះ​មាន​គោលបំណង​ជួយ​ភាគី​កម្ពុជា ដកស្រង់​បទពិសោធ​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​ការងារ​អន្តោប្រវេសន៍ សន្តិសុខ​សាយ​ប័រ និង​ការងារ​វិមជ្ឈការ​និង​វិសហមជ្ឈការ ដោយ​គណៈប្រតិភូ​កម្ពុជា មាន​ក្ដីសង្ឃឹម​ថា នឹង​ទទួលបាន​បទពិសោធ និង​ចំណេះដឹង​ថ្មីៗ​ពី​អូស្ត្រាលី ទាំង​លើ​ការងារ​គ្រប់គ្រង​កងកម្លាំង​នគរបាលជាតិ ការជំរុញ​ទំនាក់ទំនង​បណ្តុះបណ្តាល​មន្ត្រី​នគរបាល លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផងដែរ​។​

​ក្នុង​ជំនួប​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​ដដែល ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ផ្តាំផ្ញើ​នូវ​សេចក្ដី​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជូន​ចំពោះ​ឯកឧត្តម Pablo Kang និង​បាន​ចាត់ទុក​វត្ត​មាន​ឯកឧត្តម ក្នុង​ជំនួប​នេះ​ថា ជា​ការបង្ហាញឱ្យឃើញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិកា​ររ​វាង​រដ្ឋាភិបាល​អូស្ត្រាលី និង​ក្រសួង​មហាផ្ទៃ​កម្ពុជា ទាំង​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។

​ឯកឧត្តម Pablo Kang បាន​ថ្លែងអំណរគុណ​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ដែល​អនុញ្ញាត​ឱ្យ​ជួប​សម្ដែង​ការគួរសម និង​ក៏​បាន​បង្ហាញ​ការឯកភាព​ចំពោះ​ការវាយតម្លៃ​របស់​ឯក​ឧត្ដម​អភិ​សន្តិ​បណ្ឌិត លើ​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​អូស្ត្រាលី​។ ឯកឧត្តម ក៏​បាន​រម្លឹក​អំពី​លទ្ធផល​វិជ្ជមាន​នៃ​ដំណើរ​ទស្សនកិច្ច​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី នៅ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​ទី​២-៦ ខែ​មីនា ឆ្នាំ​២០២៤ ដែល​ឈាន​ដល់​ការចុះហត្ថលេខា ឱ្យមាន​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​អូស្ត្រាលី មក​កម្ពុជា​។

​ក្នុងជំនួប​នោះ​ដែរ ឯកឧត្ដម​ភារធារី និង​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​វាយតម្លៃ​ខ្ពស់​អំពី​ដំណើរការ​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ភាគី​ទាំងពីរ និង​បាន​ពិភាក្សាគ្នា​អំពី​ការងារ​អន្តោប្រវេសន៍ ការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន រួមមាន​៖ ការជួញដូរ រត់ពន្ធ​មនុស្ស និង​គ្រឿងញៀន បទល្មើស​បច្ចេកវិទ្យា និង​កម្មវិធី​កំណែទម្រង់រដ្ឋបាល​សាធារណៈ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ និង​ការងារ​គណនេយ្យភាព​សង្គម​នៅ​កម្ពុជា និង​ប្តេជ្ញា​ពង្រឹង​ការងារ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។

​ជាមួយ​និង​ការ​ថ្លែង​អំណ​អរគុណ​ចំពោះ​ការចំណាយ​ពេលវេលា​ដ៏​មមាញឹក​របស់​ឯកឧត្តម​ភារធារី ដើម្បី​ចូល​ជួបពិភាក្សា​ការងារ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏​បាន​បង្ហាញ​ក្ដីសង្ឃឹម​ថា ភាគី​អូស្ត្រាលី នឹង​បន្ត​ផ្តល់​ជំនួយ​នានា​រួមមាន​៖ ជំនួយ​បច្ចេកទេស សម្ភារៈ និង​ការបណ្តុះបណ្តាល​ផ្សេងៗ​ដល់​ក្រសួង​មហាផ្ទៃ​។ ជាថ្មី​ម្ដងទៀត ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​សង្ឃឹម​ថា ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ក្រសួ​ង​មហាផ្ទៃ ទៅ​ប្រទេស​អូស្ត្រាលី នាពេលខាងមុខ នឹង​ទទួលបាន​លទ្ធផល​ផ្លែផ្កា ផ្តល់​អត្ថប្រយោជន៍ ក៏ដូចជា​ចំណេះដឹង និង​បទពិសោធ​ល្អៗ​លើ​ការអនុវត្ត​ការងារ​។​

​គួរកត់សម្គាល់​ថា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ទើបតែ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​បំពេញ​ទស្សនកិច្ច​ប្រកបដោយ​ជោគជ័យ រយៈ​ពាល​ជាង​១​សប្ដាហ៍ នៅ​សហព័ន្ធ​ស្វីស និង​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​។ តាមរយៈ​ទស្សនកិច្ច​ផ្លូវការ​ក្រៅប្រទេស​លើក​ទី​២​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ដកស្រង់​បទពិសោធ​បន្ថែម​លើ​ប្រព័ន្ធ​គ្រប់គ្រង និង​ការអនុវត្ត​ល្អៗ​ពី​ប្រទេស​ស្វីស និង​អាល្លឺម៉ង់ ដើម្បី​ជំរុញ​ដំណើរការ​កំណែទម្រង់​វិម​ជ្ឈការ​និង​វិសហមជ្ឈការ និង​លើកកម្ពស់​អភិបាលកិច្ច​មូលដ្ឋាន​នៅ​កម្ពុជា​៕

 

Leave a Reply

Your email address will not be published. Required fields are marked *