ប្រតិភូ​ព្រឹទ្ធសភា កោតសរសើរ និង​លើកទឹកចិត្ត​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​មហាផ្ទៃ​

​ប្រតិភូ​ព្រឹទ្ធសភា ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត នាង ផាត ប្រធាន​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា បាន​អញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២៥​នេះ​។

​ក្នុង​កិច្ចពិភាក្សា​នោះ ឯកឧត្តម នាង ផាត ប្រធាន​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា បាន​សម្តែង​ការកោតសរសើរ និង​លើកទឹកចិត្ត​ខ្ពស់ ចំពោះ​ក្រសួង​មហាផ្ទៃ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ដែល​មន្ត្រី​រាជកា​រទាំង​ស៊ីវិល នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ បាន​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ទាំង​កម្រិត​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​គាំទ្រ​គោលនយោបាយ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយ​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​មកនេះ សម្រេចបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ក្នុង​វិស័យ​ស្ថិតក្រោម​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​។

​ការ​ថ្លែង​កោតសរសើរ​ពី​ប្រធាន​ប្រតិភូ​ព្រឹទ្ធសភា នាពេលនេះ បាន​ធ្វើឡើង​បន្ទាប់​ពី ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​អំពី​កិច្ចការ​សំខាន់ៗ​ក្រោម​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ពាក់ព័ន្ធ​ការអនុវត្ត​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​ដែនដី ការងារ​អត្តសញ្ញាណ​កម្ម អន្តោប្រវេសន៍ ពន្ធនាគារ ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស ព្រម​ទាំង​កិច្ចការ​សំខាន់ៗ​មួយចំនួនទៀត ពាក់ព័ន្ធ​ការធានា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ រួម​ទាំង​ការប្រយុទ្ធប្រឆាំង​នឹង​បទល្មើស​ក្នុងសង្គម ការអនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក និង​កិច្ចការ​មួយចំនួនទៀត ដែល​បាននិងកំពុង​អនុវត្ត​យ៉ាង​សកម្ម និង​យកចិត្តទុកដាក់​។

​ឈរ​លើ​មូលដ្ឋាន​សមិទ្ធផល​ការងារ​ដែល​ក្រសួងមហាផ្ទៃ សម្រេច​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​មកនេះ ឯកឧត្តម​បណ្ឌិត នាង ផាត ជាថ្មី​ម្ដងទៀត បានបង្ហាញ​ការកត់សម្គាល់​លើ​សកម្មភាព​សំខាន់ៗ​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ទាំង​ការអញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​នានា​ក្នុង​កម្រិត​ក្រសួងមហាផ្ទៃ និង​នៅតាម​បណ្តា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ការអញ្ជើញ​ចុះ​ទៅ​កាន់​មូលដ្ឋាន​ផ្ទាល់ ដើម្បី​ត្រួតពិនិត្យ​ការងារ និង​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី ទាំង​កម្មវិធី​គ្រោង និង​មិន​គ្រោងទុក​មុន ព្រមទាំង​ដំណើរ​បំពេញ​បេសកកម្ម​ក្រៅប្រទេស ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ដល់​ជាតិ ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​ជា​មិត្ត​នានា​។

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ថ្លែងអំណរគុណ​ឯកឧត្តម​បណ្ឌិត នាង ផាត ប្រធាន​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា និង​ប្រតិភូ ដែល​បាន​វាយតម្លៃ​ជា​វិជ្ជមាន និង​ផ្តល់​ការលើកទឹកចិត្ត​ខ្ពស់​មក​កាន់​ឯកឧត្តម ក៏​ដូចជា​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ​ទាំងមូល​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បង្ហាញ​នូវ​ការទទួលយក​អនុសាសន៍ និង​មតិយោបល់​ល្អៗ ព្រមទាំង​បាន​ប្ដេជ្ញាចិត្ត​បន្ត​ខិតខំ​អនុវត្ត​ការងារ​តាម​តួនាទី​ភារកិច្ច និង​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ក្នុងន័យ​គាំទ្រ​គោលនយោបាយ​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្ដេច​មហា​បវរ​ធិបតី ឱ្យ​សម្រេចបាន​ជោគជ័យ ដើម្បី​បម្រើ​ដល់​ប្រយោជន៍​ជាតិ និង​ប្រជាជន​៕​

Leave a Reply

Your email address will not be published. Required fields are marked *