សមាគម​សារព័ត៌មាន​ឯករាជ្យ IPA រៀបចំ​សន្និបាត​បូកសរុប​ការងារ​២០២៤ និង​លើក​ទិសដៅ​២០៥ មាន​អ្នកចូលរួម​ជាង​៥០០​អង្គ​/​នាក់​

សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ​បានរៀបចំ សន្និបាត​បូកសរុប​លទ្ធផល​ឆ្នាំ ២០២៤ និង​កំណត់​ទិសដៅ​ឆ្នាំ ២០២៥ នៅ​ភោជនីយដ្ឋាន ទន្លេបាសាក់ ២ នៅ​ថ្ងៃ​ទី ៣០ ខែ​មីនា ២០២៥ ។ កម្មវិធី​នេះ​មាន​អ្នកចូលរួម​យ៉ាង​ហោច ៥០០ អង្គ​/​នាក់ ដែល​រួមមាន ចាងហ្វាង និពន្ធ​នាយក អ្នកសារព័ត៌មាន​រួមទាំង​សមាជិក IPA និង​ក្រុមហ៊ុន​បណ្ដា​ជា​ដៃគូ​របស់​សារព័ត៌មាន​IPA សរុប​ជាង​៥០០​អង្គ​/​នាក់​។​

​ពិធី​បើក​អង្គសន្និបាត​នឹង​ប្រារព្វ​ឡើង​ក្រោម​អធិបតីភាព លោក ឡុង ឆ័យ​ណាវ ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ នៃ​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ និង​លោក​បណ្ឌិត ទូច វណ្ណៈ ប្រធាន​សមាគម​សារព័ត៌មាន​ឯករាជ្យ​។

​លោក ឡុង ឆ័យ​ណាវ ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ IPA បាន​ថ្លែង​នៅក្នុង​ពិធី​បើ​កថា គោលបំណង​សំខាន់​របស់​អង្គសន្និបាត​រយៈពេល​១​ថ្ងៃនេះ គឺ​ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​លទ្ធផល​ការងារ​សម្រេច​បាន​, កំណត់​ចំណុច​ខ្លាំង ចំណុចខ្សោយ បញ្ហា​ប្រឈម និង​ដំណោះស្រាយ​និង​ការ ដាក់ចេញ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ ២០២៥​។​

​លោក ឡុង ឆ័យ​ណាវ បានលើកឡើង​បន្ថែមទៀតថា សន្និបាត​នេះ​ក៏​បាន​ផ្តោត​លើ​ការលើកកម្ពស់​វិជ្ជាជីវៈ សមត្ថភាព និង​សាមគ្គីភាព​ក្នុង​សមាគម ដើម្បី​អភិវឌ្ឍ​វិស័យ​ព័ត៌មាន​ឱ្យមាន​ប្រសិទ្ធភាព និង​ទទួលបាន​ការគាំទ្រ​ពី​សង្គម​។​

​លោក​បណ្ឌិត ទូច វណ្ណ​: ប្រធាន​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ មានប្រសាសន៍ថា របៀបវារៈ​នៃ​អង្គសន្និបាត​បាន​ផ្ដោត​លើ​
១. ពិនិត្យ និង​អនុម័ត​របាយការណ៍​លទ្ធផល​ការងារ​ឆ្នាំ ២០២៤
២. ប្រកាស​បទបញ្ជា​ផ្ទៃក្នុង​របស់​សមាគម​
៣. ពិនិត្យ និង​អនុម័ត​ផែនការ​សកម្មភាព​ឆ្នាំ ២០២៥
៤. បទ​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ និង​សមាជិកសមាគម​

​លោក​បណ្ឌិត ទូច វណ្ណៈ បាន​បន្ថែមទៀតថា របៀបវារៈ​នៃ​អង្គសន្និបាត​ក៏​បាន​ផ្ដោត​លើ​ប្រធានបទ​២​សំខាន់​ដែរ គឺ​ប្រធានបទ​ទី​១ ស្ដីពី​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​ប្រធានបទ​ទី​២ ការ​ឈ្វេងយល់​អំពី​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​ជា​អាវ​ក្រោះ​សម្រាប់​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​។​

​សូមបញ្ជាក់​ថា សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ​បង្កើតឡើង​ដោយ​ក្រុម​យុវជន​ខ្មែរ ដែល​មាន​អាជីព​ជា​អ្នកសារព័ត៌មាន ជា​អ្នក​ស្រឡាញ់​វិស័យ​ព័ត៌មាន និង​ការងារ​សង្គម មនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈ និង​ការអភិវឌ្ឍន​ធនធានមនុស្ស​។ សមាគម​ត្រូវបាន​ចុះបញ្ជី​ក្នុង​ក្រសួង​មហាផ្ទៃ​លេខ ១០៩៥ ប្រក ចុះ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២ និង​លិខិតអនុញ្ញាត​ឱ្យធ្វើ​សកម្មភាព​លើ​វិស័យ​សារព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន​លេខ ០០៥ ព​.​ស​. ល​.​អ ចុះ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៣​។​

​បច្ចុប្បន្ន​សមាគម​សារព័ត៌មាន​ឯករាជ្យ មាន​អង្គភាព​សារព័ត៌មាន​ជា​សមាជិក​សរុប​ចំនួន​៦២​អង្គភាព និង​មាន​ក្រុមហ៊ុន​សហគ្រាស គ្រឹះស្ថាន​សិក្សា​ជា​ដៃគូ សរុប​ចំនួន​២៤​ស្ថាប័ន​។ សា​មាគ​ម​សារព័ត៌មាន​ឯករាជ្យ​រាប់​ចាប់ពី​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​ថ្នាក់កណ្ដាល និង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​នៅ​ថ្នាក់​រាជធានី ខេត្ត​ទាំង​១០ សរុប​ជិត ៣,០០០​នាក់​៕

 

   

Leave a Reply

Your email address will not be published. Required fields are marked *