មន្ត្រី​អត្តសញ្ញាណ​កម្ម​បម្រើ​ពលរដ្ឋ​បាន​ជាង​៣​ម៉ឺន​សេវា​ទៀត​នា​កន្លះ​ខែ​មកនេះ​!

​គិត​ត្រឹម​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៤ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២៥​នេះ មន្ត្រី​អត្តសញ្ញាណ​កម្មបាន​បន្ត​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​បាន​ជាង​៣​ម៉ឺន​សេវា​។ សេវា​ដែល​បាន​ផ្តល់​ជូន​នោះ​រួមមាន សេវា​លិខិតឆ្លងដែន​ជាង​១​ម៉ឺន​ក្បាល លិខិត​ធ្វើដំណើរ​ជាង​១​ពាន់​ក្បាល សៀវភៅ​ស្នាក់នៅ​ជាង​៤​ពាន់​ក្បាល សៀវភៅ​គ្រួសារ​ជាង​៣​ពាន់​ក្បាល និង​សេវា​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជាង​១​ម៉ឺន​សន្លឹក​។

​សម្រាប់​សេវា​លិខិតឆ្លងដែន បច្ចុប្បន្ន​មាន​ទីតាំង​ផ្តល់​
​ចំនួន​៧​ទីតាំង រួមមាន នៅ​នាយកដ្ឋាន​លិខិតឆ្លងដែន ភូមិ​តា​ង៉ូវ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ សាខា​លិខិតឆ្លងដែន​ផ្សារ​ទំនើប​អ៊ី​អន​២​សែន​សុខ សាខា​លិខិតឆ្លងដែន​ខេត្ត​បាត់ដំបង ខេត្ត​កោះកុង ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​នៅក្នុង​មជ្ឈមណ្ឌល Heritage Walk ក្រុង​សៀមរាប និង សាខា​លិខិតឆ្លងដែន​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​មានជ័យ​(​អ៊ី​អន​៣)​។​សម្រាប់​សេវា​លិខិត​ធ្វើដំណើរ​ផ្តល់​នៅ​សាខា​ផ្សារ​ស្ទឹងមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ​។ ចំពោះ​សេវា​សៀវភៅ​គ្រួសារ​ផ្តល់​នៅ​អធិការដ្ឋាន​ក្រុង ស្រុក ខណ្ឌ សេវា​សៀវភៅ​ស្នាក់នៅ ផ្តល់ជូន​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ឃុំ សង្កាត់​។

​ដោយឡែក​ចំពោះ​សេវា​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ផ្តល់​នៅ​ទីតាំង​រួម​មាន នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​  ដែល​ស្ថិតនៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ផ្សារ​ទំនើប​អ៊ី​អន​២ និង ផ្សារ ទំនើប​អ៊ី​អន​ម៉ល​មានជ័យ​(​អ៊ី​អន​៣) ក្នុងនោះ​ក៏​ធ្វើ​នៅ​តាម​បណ្ដា​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ខណៈ​ការងារ​នេះ​ពលរដ្ឋ​អាច​ទៅ​ស្នើសុំ​បាន​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់​ផង​ដែរ​៕

​កញ្ញា សេង សុខ​ហ៊ុន
​មន្ត្រី​ព័ត​មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​

Leave a Reply

Your email address will not be published. Required fields are marked *