ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បន្ត​សង្កត់​ធ្ងន់​ពី​ភាពចាំបាច់​នៃ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ខណៈ​គ្រោះថ្នាក់​ចរាចរណ៍ នៅតែ​ប្រឈម​ខ្លាំង​ក្នុង​ឆ្នាំ​២០២៤!

​ពី​វេទិកា​អធិបតី​នៃ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លើក​ទី​១៥ ប្រារព្ធ​នៅ​មណ្ឌល​កីឡដ្ឋាន​ខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បន្ត​សង្កត់​ធ្ងន់​ពី​ភាពចាំបាច់​នៃ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ជាពិសេស​កាត់បន្ថយ​អត្រា​អ្នកស្លាប់ និង​រងរបួស​ប្រចាំថ្ងៃ ដែល​នៅតែ​បន្ត​ស្ថិតក្នុង​ស្ថានភាព​គួរឱ្យ​ព្រួយបារម្ភ នា​ឆ្នាំ​២០២៤ នេះ​ទៀត​។​

​ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​រម្លឹក​ជូន​អង្គពិធី​ជាង ១ ២០០​នាក់ អំពី​ការប្រែប្រួល​ដ៏​គួរឱ្យ​កត់សម្គាល់​នៃ​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ដែល​ធៀប​នឹង​១៥​ឆ្នាំមុន អត្រា​អ្នកស្លាប់​ប្រចាំថ្ងៃ មាន​តិច​ជាង​ការស្លាប់​ដោយសារ​អាវុធជាតិផ្ទុះ​ឬ​មីន និង​មេរោគ​អេដស៍ ប៉ុន្តែ​១៥​ឆ្នាំ​ចុងក្រោយ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​នឹង​កំពុង​បន្ត​ឈរ​ខ្ពស់​គួរ​បារម្ភ​ជា​រៀងរាល់ឆ្នាំ​។​

​ភ្ជាប់​នឹង​ការគូសបញ្ជាក់​អំពី​ដំណើរ​ទស្សនកិច្ច​នៅ​សហព័ន្ធ​ស្វីស និង​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ដែល​ទើប​បញ្ចប់ទៅ​ថ្មីៗ​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក៏​បាន​បង្ហាញ​ការកត់សម្គាល់​ជូន​អង្គពិធី​ទៀតថា កាលពី​ឆ្នាំ​២០២៣ ស្វីស ដែល​មាន​ប្រជាជន​ជាង ៨​លាន​នាក់ មាន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​តែ​ជាង​៤០​នាក់ ខណៈ​អាល្លឺម៉ង់ មាន​ប្រជាជន​ជាង ៨០​លាន​នាក់ មាន​អ្នក​ស្លាប់​ប្រមាណ​តែ​១៥០​នាក់ ស្រប​ពេល​កម្ពុជា ដែល​មាន​ប្រជាជន​ជាង ១៦​លាន​នាក់ មាន​អ្នកស្លាប់​ជាង ១ ០០០​នាក់​។​

​គួរកត់សម្គាល់​ថា មក​ដល់​ដើមឆ្នាំ​២០២៤ នេះ ជា​មធ្យម​កម្ពុជា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ៩​លើក បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ ៤​នាក់ ជា​រៀងរាល់ថ្ងៃ​។ ផ្អែក​លើ​ស្ថានភាព​នេះ ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា បានបង្ហាញ​ការព្រួយបារម្ភ​អំពី​លទ្ធភាព​នៃ​ការឈាន​ទៅ​សម្រេចបាន​ជោគជ័យ​លើ​ផែនការ​ជាតិ​ទសវត្សរ៍​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០២១-២០៣០ ដែល​កំណត់​ដោយ​អង្គការសហប្រជាជាតិ​។​

​ក្នុងន័យនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​បង្កើន​សំឡេង​អំពាវនាវ​ដោយ​ទទូច​ទៅកាន់​ភាគី​ពាក់ព័ន្ធ​បន្ត​គាំទ្រ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដើរ​ទន្ទឹម​គ្នា​នឹង​ស្មារតី​នៃ​ការចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ចាប់​ពី​មិត្តភក្ដិ ក្រុមគ្រួសារ សហគមន៍ សាលារៀន សាសនា អង្គភាព​បំពេញ​ការងារ​រដ្ឋ​និង​ឯកជន ដោយ​ផ្ដោត​លើ​គោលការណ៍​សំខាន់ៗ​ដូចជា ចេះ​បើកបរ​ឱ្យបាន​ត្រឹមត្រូវ មាន​សីលធម៌ មិន​លើស​ល្បឿន មិន​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​និង​គ្រឿងញៀន ត្រូវ​ពាក់មួក​ឬ​ខ្សែក្រវ៉ាត់​សុវត្ថិភាព ត្រូវ​ប្រកាន់​ស្ដាំ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ជា​ប្រចាំ​ជា​ដើម​។​

​សូមបញ្ជាក់​ថា ទិវា​សប្ដាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ផ្តួចផ្តើម​ដោយ​អង្គការសហប្រជាជាតិ ដែល​បាន​កំណត់​យក​ខែ​ឧសភា ជា​រៀងរាល់ឆ្នាំ ប្រារព្ធ​ឡើង​នៅតាម​បណ្តា​ប្រទេស​នានា​ទូទាំង​សកលលោក ដើម្បី​ជា​ការ​ក្រើនរំលឹក​ទៅដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក ពិសេស​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រួម​ទាំង​ប្រទេស​កម្ពុជា ឱ្យ​យកចិត្តទុកដាក់​លើកកម្ពស់​វិស័យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​៕

 

Leave a Reply

Your email address will not be published. Required fields are marked *