​ក្រុមហ៊ុន Kimou Environmental Holding Limited មាន​ចំណាប់អារម្មណ៍​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក Zhang Lianghong ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​នាយក​ប្រតិបត្តិ ក្រុមហ៊ុន Kimou Environmental Holding Limited ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​នៅក្នុង​ជំនួប​នេះ​, លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​បាន​គោរព​រាយការណ៍​ជូន​សម្តេច​បវរ​ធិបតី​អំពី​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន ដែល​បាន​ចុះបញ្ជី​ក្រុមហ៊ុន​ភាគហ៊ុន​នៅ​នៅ​ទីក្រុង​ហុងកុង​។ ក្រុមហ៊ុន​នេះ​មាន​បទពិសោធន៍​ខ្ពស់ ក្នុង​ការអភិវឌ្ឍ​សួន​ឧស្សាហកម្ម​ធំៗ ដែល​យកចិត្តទុកដាក់​ខ្ពស់​លើ​ដំណោះស្រាយ បរិស្ថាន​។ លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​បាន​បន្ថែមទៀតថា ក្រុមហ៊ុន​មាន​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ​នៅ​នៅ​កម្ពុជា​។

​ជា​ការឆ្លើយតប សម្តេច​បវរ​ធិបតី​បាន​ស​ម្តែងក្តី​សោមនស្ស​រីករាយ​ចំពោះ​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន ក្នុង​ការវិនិយោគ​នៅ​កម្ពុជា​។ សម្តេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ដែល​ផ្តោត​អាទិភាព​លើ​ការជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដោយ​ផ្ដោត​លើ​ការការពារ​បរិស្ថាន និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​។ លើសពីនេះ សម្តេច​បវរ​ធិបតី​ក៏បាន​លើកឡើង​អំពី​ការដាក់ចេញ​នូវ​គោលនយោបាយ យន្តការ និង​ការលើកទឹកចិត្ត​ផ្សេងៗ សម្រាប់​វិនិយោគិន​បរទេស ជាពិសេស​ការវិនិយោគលេី​ផ្នែក​ខ្សែច្រវាក់​ផលិតកម្ម ។

​សម្តេច​បវរ​ធិបតី​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ឱ្យ​ពិនិត្យ​លទ្ធភាព​ក្នុង​ការវិនិយោគ​លើ​ផ្នែក​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការបង្កើន​តម្លៃ​បន្ថែម និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា ព្រម​ជាមួយគ្នានេះ សម្តេច​បវរ​ធិបតី​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​៕

Leave a Reply

Your email address will not be published. Required fields are marked *