សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍​ផ្លូវរដ្ឋ ជូន​ឯកឧត្តម Xi Jinping និង​គណៈប្រតិភូ នៅ​ព្រះបរមរាជវាំង

នៅ​រាត្រី ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែ​ចេត្រ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដង្ហែ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ឯកឧត្តម Xi Jinping ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណៈប្រតិភូ នៅ​ព្រះបរមរាជវាំង ក្នុងឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២៥​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ឯកឧត្តម
​ឯកឧត្តម Xi Jinping ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺ​តប​តាម​ការអញ្ជើញ​របស់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​តាមរយៈ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ឯកឧត្តម​ប្រធានាធិបតី​ចិន នឹង​បាន​ពង្រឹង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ជាពិសេស​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​ជាច្រើន រួម​មាន​ការវិនិយោគ​, វិស័យ​ពាណិជ្ជកម្ម​, វិស័យ​អប់រំ​, វិស័យ​ហិរញ្ញវត្ថុ​, វិស័យ​ព័ត៌មាន​, ការងារ​យុវជន​, វិស័យ​កសិកម្ម​, វិស័យ​សុខាភិបាល​, វិស័យ​ធនធានទឹក​, វិស័យ​ទេសចរណ៍​, វិស័យ​កិច្ចការនារី និង​វិស័យ​ផ្សេងទៀត​។

​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នេះ ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ដែល​នឹង​ធ្វើឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​នូវ​ចំណង​មិត្តភាព​ជា​ប្រពៃណី នៃ​ប្រទេស​ទាំង​ពីរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *