ស្នងការ​បាត់ដំបង​រៀបរាប់​ពី​ជោគជ័យ​នៃ​ការធានា​សន្តិសុខ​ជូន​ពលរដ្ឋ​កម្សាន្ត​ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​!

ក៏​មិន​ខុស​ពី​ឆ្នាំ​កន្លង​ទៅ​នោះ​ដែរ មនុញ្ញផល​នៃ​សុខសន្តិភាព បាន​ញ៉ាំង​ឱ្យ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំ​២០២៥​នេះ ប្រព្រឹត្តទៅ​ប្រកបដោយ​ក្ដី​រីករាយ​នៅ​គ្រប់​ច្រកល្ហក​ទូទាំងប្រទេស​។ ការធានា​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​គឺជា​កត្តា​គន្លឹះ និង​ជា​ភារកិច្ច​ស្នូល​របស់​កម្លាំង​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ ក្នុងនោះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ក៏បាន​អនុវត្ត​តួនាទី​នេះ​ប្រកបដោយ​ការទទួលខុសត្រូវ​ផងដែរ​។

​លោក​ឧត្តមសេនីយ៍ទោ ដាញ់ អេង​ប៊ុន​ចាន់ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានឱ្យដឹងថា «​ក្នុង​រយៈពេល​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​នេះ ខ្ញុំ​បាន​ប្រើប្រាស់​កងកម្លាំង​នគរបាល​ជាង​៧០០​នាក់ ដើម្បី​ការពារ និង​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​បាត់ដំបង​។ ដោយឡែក កងកម្លាំង​នគរបាល​១៣​ស្រុក​ទៀត ខ្ញុំ​បាន​រៀបចំ​ការពារ​ទៅ​តាម​តំបន់​រមណីដ្ឋាន និង​តំបន់​កម្សាន្ត​នី​មួយៗ​ក្នុងស្រុក ដើម្បី​ងាយស្រួល​ចាត់វិធានការ និង​អន្តរាគមន៍​ឱ្យបាន​ទាន់​ពេលវេលា​ទៅ​តាម​ស្រុក​នីមួយៗ​»​។

​ទីបំផុត ទាំង​ក្នុង​ពេល និង​ក្រោយពេល​ចូលឆ្នាំ លោកស្នងការ​ខេត្ត​បាត់ដំបង បញ្ជាក់ថា ពុំ​មាន​អ្វី​គួរឱ្យ​កត់សម្គាល់​នោះ​ទេ ពោល​គឺ​មាន​សន្តិសុខ សណ្ដាប់ធ្នាប់​ល្អ​ប្រសើរ​។ លោក​បន្ថែមថា​«​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ យើង​បាន​ត្រៀមលក្ខណៈ​ទុកជាមុន ដើម្បី​បង្ការ បង្ក្រាប និង​ទប់ស្កាត់​មិនឱ្យ​មាន​បទល្មើស​ណាមួយ​កើតមានឡើង ហើយ​បងប្អូន ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន ពួកគេ​ក៏​បាន​មក​លេង​កម្សាន្ត​ដោយ​ការយោគយល់​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅវិញទៅមក និង​ជា​ពិសេស​ចេះ​ស្រឡាញ់ លើកស្ទួយ និង​ថែរក្សា​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​យ៉ាង​ល្អ​គួរ​ជាទី​មោទនៈ​»​។

​នៅពេល​និយាយ​ដល់​បញ្ហា​ក្មេង​ទំនើ​ង លោកស្នងការ​បាន​បន្ត​ទៀតថា ក្រោម​បទ​បញ្ជា​ដ៏​តឹងរឹង របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា និង​ការទទួល​ដឹកនាំ​អនុវត្ត​ដោយ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ករណី​ក្មេង​ទំនើង​បាន​ថយ​ចុះ​ខ្លាំង​តាំងពី​មុន​ពិធី​បុណ្យចូលឆ្នាំថ្មី​មកម្ល៉េះ ហើយ​នា​ឱកាស​ចូល​ឆ្នាំ​នេះ បញ្ហា​នេះ​ក៏​ពុំ​បាន​ចោទ​ឡើង​ជា​រឿង​គួរឱ្យ​កត់សម្គាល់​អ្វី​នោះដែរ​។ លោក​ថា តាមរយៈ​ការយកចិត្ត​ទុក​ស​ដាក់​ពី​ថ្នាក់ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​ធ្វើឱ្យ​កងកម្លាំង​នគរបាល​ទាំងអស់ មាន​ស្មារតី និង​ការប្ដេជ្ញា​ចិត្ត​ក្នុង​ការការពារ រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុង​កម្មវិធី​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នេះ ធានា​បាន​សន្តិសុខ សុវត្ថិភាព​ល្អ​ប្រសើរ ធ្វើឱ្យ​បទល្មើស​ទាំងអស់​មានកា​រ​ថយ​ចុះ​គួរឱ្យកត់សម្គាល់​។

​សូមបញ្ជាក់​ថា ព្រឹត្តិការណ៍​សង្ក្រាន្ត​នៅ​ខេត្ត​បាត់ដំបង​ប្រារព្ធ​ឡើង​ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២៥ និង​មាន​អ្នកចូលរួម​ជិត​២​លាន​នាក់ ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​៥​ដែល​មាន​ភ្ញៀវទេសចរ​ច្រើនជាងគេ​ទូទាំងប្រទេស​៕

​កញ្ញា សេង សុខ​ហ៊ុន
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Leave a Reply

Your email address will not be published. Required fields are marked *