​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​

ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​ចូលរួម​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ​លើក​ទី​៥០ នៃ​ទិវា​រំដោះទឹកដី​ភាគខាងត្បូង និង​បង្រួបបង្រួម​ជាតិ​វៀតណាម នៅ​ទីក្រុង​ហូជីមិញ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​បណ្ដា​សាលា​នគរបាល​ប្រជាជន​ភាគ​ខាងត្បូង​ប្រទេស ចំណុះ​ក្រសួង​នគរបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ នេះ​បើ​តាម​លោក រ៉េ​ន រតនៈ ជំនួយការ និង​ជា​អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​។​

​លោក រ៉េ​ន រតនៈ បានឱ្យដឹងថា ជំនួប​នេះ បាន​ប្រព្រឹត្តទៅ​នៅ​មហាវិទ្យាល័យ​តម្រួត​ប្រជាជន ទីក្រុង​ហូជីមិញ នា​រសៀល​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៥ ដោយ​ក្នុង​ឱកាស​នោះ តំណាង​ភាគី​វៀតណាម បាន​ថ្លែង​បង្ហាញ​ក្ដី​រីករាយ​ដែល​បាន​ទទួល​បដិសណ្ឋារកិច្ច​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ថ្មី​ក្រសួងមហាផ្ទៃ ព្រមទាំង​គណៈប្រតិភូ និង​បាន​ធ្វើ​សេចក្ដីរាយការណ៍​សង្ខេប​ជូន​ប្រតិភូ​ក្រសួងមហាផ្ទៃ អំពី​សាវតា​នៃ​កិច្ច​សហ​ប្រតិការ​ក្នុង​វិស័យ​បណ្ដុះបណ្ដាល​កងកម្លាំង​ជាមួយ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្ដា​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​កងកម្លាំង​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​។

​បើ​តាម​លោក រ៉េ​ន រតនៈ ក្នុងជំនួប​នោះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​បដិសណ្ឋារកិច្ច និង​ជា​ពិសេស​ការចូលរួម​យ៉ាង​សកម្ម របស់​ភាគី​វៀតណាម ក្នុង​ការទទួល​បណ្ដុះបណ្ដាល​កងកម្លាំង​ក្រសួងមហាផ្ទៃ ស្រប​តាម​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឈរ​លើ​មូលដ្ឋាន​នៃ​មរតក​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩ បន្ត​ដល់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដោយ​មាន​សម្ដេច​ក្រឡាហោម ស ខេង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជា​សេនាធិការ និង​បច្ចុប្បន្ន រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

​អ្នកនាំពាក្យ​ដដែល បានឱ្យដឹង​ទៀត​ថា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​យក​ឱកាស​នោះ ទាញ​ចំណាប់អារម្មណ៍​ភាគី​វៀតណាម អំពី​ភាព​កាន់តែ​សំខាន់​នៃ​ការងារ​បណ្ដុះបណ្ដាល​ពង្រឹង​គុណភាព​ធនធានមនុស្ស​ដែល​ជា​កងកម្លាំង ដើម្បី​ឆ្លើយតប​នឹង​ការវិវត្ត​ប្រែប្រួល​ដ៏​ស្មុគស្មាញ​នៃ​សភាពការណ៍​សន្តិសុខ​ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​ការ​ពើបប្រទះ​ជា​បន្តបន្ទាប់​នូវ​បទល្មើស​ប្រឈម​ថ្មីៗ ទាមទារ​ជា​ចាំបាច់​នូវ​មន្ត្រី និង​កម្លាំង​មាន​សមត្ថភាព និង​វិជ្ជាជីវៈ និង​តម្រូវការ​បណ្ដុះបណ្ដាល ផ្លាស់ប្ដូរ និង​ចែករំលែក​បទពិសោធន៍​ជាប្រចាំ ដូច​ដែល​កម្ពុជា និង​វៀតណាម បាន​និង​កំពុង​អនុវត្ត​សព្វថ្ងៃ​។

​សូមបញ្ជាក់​ថា គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដែល​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត រួមមាន ឯកឧត្តម​សន្តិ​បណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ឯកឧត្តម កៅ ខុន​ដា​រ៉ា រដ្ឋលេខាធិការ ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការ ឯកឧត្តម គៀត ច័​ន្ធថា​រិទ្ធ រដ្ឋលេខាធិការ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​រ​នគរបាល​ជាតិ ឯកឧត្តម លោកជំទាវ​អនុរដ្ឋលេខាធិការ ឯកឧត្តម​អគ្គលេខាធិការ អគ្គនាយក​អន្តោប្រវេសន៍ អគ្គនាយក​អត្តសញ្ញាណ​កម្ម ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *