ផ្តើម​ពី​ក្រុម​ក្មេង​ទំនើ​ង ឡើង​ឋានៈ​ជា​ក្រុម​ចោរប្លន់​!

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ០៣ និង ៤០​នាទី ទៀប​ភ្លឺ ឈានចូល ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៥ មាន​ជនសង្ស័យ​០១​ក្រុម បានធ្វើ​សកម្មភាព​ព្រួត​វាយ​ជនរងគ្រោះ ប្លន់​យក​ម៉ូតូ ០១ គ្រឿង​ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1JD-7405 នៅ​ចំណុច​បណ្តោយ​វិថី​ឈ្នះ​ឈ្នះ ស្ថិត​ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​ក្រោយពី​បាន​ទទួល​ពាក្យបណ្ដឹង កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជាមួយ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​បើក​ការស្រាវជ្រាវ​តាម​ស្វែងរក​ក្រុម​ជនសង្ស័យ រហូត​ឈាន​ទៅ​សហការ​ជាមួយ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល និង​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​កៀនស្វាយ ធ្វើការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​ចំនួន ០៦​នាក់​ក្នុងចំណោម ០៧​នាក់ នៅវេលា​ម៉ោង​ប្រមាណ ១១ និង​៤០ នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល នៅ​ចំណុច ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​ក្រោម​វិធានការ​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ទាំង​០៦​នាក់ បាន​សារភាព​ឲ្យដឹង​ដូចៗ​គ្នា​ថា ពួកខ្លួន និង​បក្ខពួក​ម្នាក់​ទៀត ដែល​កំពុង​រត់គេចខ្លួន ពិតជា​បាន​ចូលរួម​ក្នុង​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​របស់​ជនរងគ្រោះ ពិតប្រាកដ​មែន តែ​ជា​ការ​ប្លន់​លើក​ទី​មួយ​ប៉ុណ្ណោះ​។ កន្លង​មក​ពួក​ខ្លួន បាន​បង្កើត​ក្រុម​មួយ មាន​រហ័ស​នាម​ថា MTT (​មនុស្ស​តូចៗ​) ដែល​មាន​សមាជិក​ប្រុស​ស្រី ប្រមាណ ៦០​នាក់ សម្រាប់​ជួបជុំ​ដើរលេង​ជាមួយ​គ្នា និង តែងតែ​បង្ហោះ​ម៉ូតូ នៅលើ​ផ្លូវជាតិ​លេខ​៦A វិថី​ឈ្នះ​ឈ្នះ និង​តាម​បណ្តា​ខេត្ត​មួយចំនួន ហើយ​ក្នុងនោះ ក្រុម​ខ្លួន​មួយចំនួន ក៏​ធ្លាប់​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​អប់រំ ០២​លើក​រួចមកហើយ ពាក់ព័ន្ធ​នឹង​អំពើ​ទំនើង​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​។

​ជនសង្ស័យ​ទាំង​០៦​នាក់ រួម​ទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែកឯ​បក្ខពួក​ដែល​កំពុង​រត់គេចខ្លួន សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​៕

Leave a Reply

Your email address will not be published. Required fields are marked *