ក្រុម​អាវុធហត្ថ​រាជធានី​ភ្នំពេញ Vs ក្រុម​ក្រសួងសុខាភិបាល ក្នុង​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ “​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​” លើក​ទី​១០ ឆ្នាំ​២០២៥ វគ្គ​ជម្រុះ​១៦​ក្រុម !

នា​ល្ងាច ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អមដោយ នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជាច្រើនរូប​ទៀត បាន​ចូលរួម​ទស្សនា គាំទ្រ​ក្រុមបាល់ទាត់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ការប្រកួត​កីឡា​បាល់ទាត់ ពានរង្វាន់ “​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​” លើក​ទី​១០ ឆ្នាំ​២០២៥ ដែល​បាន​ឈាន​ដល់​វគ្គ ១៦​ក្រុម ចុងក្រោយ ប្រព្រឹត្តទៅ នៅ​ទីលាន​បាល់ទាត់ កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​)​។​

​ក្រុម​បាល់ទាត់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​ក្រុម​ថ្មី​ថ្មោង ដែល​ទើបតែ​បាន​ចូលរួម​ក្នុង​ការប្រកួត​ក្នុង​ពានរង្វាន់​នេះ​ចំនួន ០២​លើក បាន​ជួប​ត​ទល់នឹង ក្រុម​បាល់ទាត់ ក្រសួង​សុខាភិបាល ដែល​ជា​ក្រុម​ខ្លាំង និង​មាន​បទពិសោធន៍​ចូល​រួមទាំង ១០​លើក ហើយ​ធ្លាប់​ទទួលបាន​ជា​ម្ចាស់​ជើងឯក​ចំនួន ០៣​ដង និង​រង​ជើងឯក ចំនួន ៤​ដង ក្នុង​ពានរង្វាន់​នេះ ថែមទៀត​ផង​។ ជា​លទ្ធផល ក្រុមបាល់ទាត់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅតែ​មិន​អាច បំបែក​កំណត់ត្រា​ក្រុម​ខ្លាំង នៃ​ក្រសួង​សុខាភិបាល បានឡើយ ដោយ​ទទួលរង​បរាជ័យ ២​គ្រាប់ ទល់នឹង ០ ក្នុងនោះ វគ្គ​ទី​១ ស៊ុត​ចូល ០១​គ្រាប់ និង​វគ្គ​ទី​២ ស៊ុត​ចូល ០១​គ្រាប់​ទៀត ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ​។

​សូមជម្រាបថា ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ “​មិត្តភាព​យុវជន អន្តរក្រសួង​-​ស្ថាប័ន​” គឺជា​វេទិកា​កីឡា ត្រូវបាន​រៀបចំ​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​ស្មារតី​សាមគ្គីភាព មិត្តភាព ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​យុវជន​នៅតាម​ក្រសួង និង​ស្ថាប័នរដ្ឋ ដែល​នៅក្នុង​ឆ្នាំនេះ មាន​ការចូលរួម​ពី​សំណាក់ ក្រសួង​~​ស្ថាប័ន​ចំនួន ៣៥ ៕

Leave a Reply

Your email address will not be published. Required fields are marked *