អាវុធហត្ថ​ភ្នំពេញ ២៨​នាក់ ទទួលបាន​ខ្សែក្រវ៉ាត់​ខ្មៅ​តេក្វាន់​ដូ​កូរ៉េខាងត្បូង ១​ដាន់​និង​២​ដាន់ ព្រម​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលបាន​ខ្សែក្រវាត់​ខ្មៅ​ថ្នាក់ ៦​ដាន់​!

នា​រសៀល ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២៥ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រារព្ធ ពិធី​ប្រគល់​វិញ្ញាបនបត្រ ជូន​ដល់​គ្រូ​បង្គោល​កីឡា​តេក្វាន់​ដូ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ២៨​នាក់ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង លោក ផាក ហ៊ី​ដេ (Mr.PARK HEE DAE) តំណាង​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង ប្រចាំ​កម្ពុជា ដោយ​មាន​ការចូលរួម​ពី លោកគ្រូ​ជម្រើសជាតិ​កីឡា​តេក្វាន់​ដូ​ប្រចាំ​កម្ពុជា គ្រូ​ក្បាច់គុន​ការពារ​ខ្លួន​គូក​គី​វ៉ុន សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង ព្រមទាំង លោក​មេបញ្ជាការរង នាយសេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយ​-​នាយរង​ការិយាល័យ លោក​មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​វរ​សេនា​តូច​ចល័ត នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជាច្រើនរូប​ទៀត​។​

​ក្នុងឱកាស​នោះ លោក ផាក ហ៊ី​ដេ (Mr.PARK HEE DAE) បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ក្រុម​គ្រូ​បង្គោល អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់ ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ក្បាច់គុន​តេក្វាន់​ដូ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រហូត​ទទួល​បាន​សមិទ្ធផល​ដូច​ថ្ងៃនេះ ដែល​ក្នុង​ចំណោម​គ្រូ​បង្គោល​ទាំ​២៨​នាក់ គឺ​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​កម្រិត​ខ្សែក្រវាត់​ខ្មៅ​ថ្នាក់ ២​ដាន់ ចំនួន ១២​នាក់ និង ថ្នាក់ ១​ដាន់ ចំនួន ១៦​នាក់ ហើយ​កន្លងមក​ក្រុម​គ្រូ​បង្គោល​ទាំងនេះ ក៏​បាន​ផ្លាស់ប្តូរ​គ្នា​ចូលរួម​ប្រកួត​តេក្វាន់​ដូ WTF ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ​ជាច្រើនលើក ព្រមទាំង​ទទួលបាន​មេដាយ​ជាច្រើន​គ្រឿង​ផង​ដែរ រួមមាន​៖ កម្មវិធី Cambodia Open Glory International Taekwondo Competition 2015 ទទួលបាន​មេដាយ មាស​១ ប្រាក់​១ សំរិទ្ធ​២, កម្មវិធី Korean Ambassador’s 8 Cup Taekwondo Competition 2017 ទទួលបាន​មេដាយ មាស​២ ប្រាក់​១ សំរិទ្ធ​៣, កម្មវិធី Asia Kukkiwon Taekwondo Hanmadang 2017 ទទួលបាន​មេដាយ មាស​១ ប្រាក់​៣ សំរិទ្ធ​៥ និង កម្មវិធី Korean Ambassador’s Cup Taekwondo Competition 2018 ទទួលបាន​មេដាយ ប្រាក់​១ សំរិទ្ធ​៤​។​

​បន្ទាប់​ពី លោក ផាក ហ៊ី​ដេ បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមត្ថភាព​ក្រុម​គ្រូ​បង្គោល​រួចមក លោកគ្រូ​ជម្រើសជាតិ​កីឡា​តេក្វាន់​ដូ​កូរ៉េខាងត្បូង​ប្រចាំ​នៅ​កម្ពុជា បានធ្វើការ​ប្រគល់​វិញ្ញាបនបត្រ បញ្ជាក់​ខ្សែក្រវ៉ាត់​ខ្មៅ ទាំង​ថ្នាក់​២​ដាន់ និង​ថ្នាក់​១​ដាន់ ដល់​គ្រូ​បង្គោល គ្រប់ៗ​គ្នា ព្រម​ជាមួយ​គ្នា​នេះ​ផង​ដែរ លោកគ្រូ​ព្រឹទ្ធាចារ្យ ជុង ប៊ុន​ហ៊ី​ន នៃ​អគ្គស្នងការ​តេក្វាន់​ដូ​ពិភពលោក គុគ​គី​វ៉ុន កម្រិត ៨​ដាន់ បាន​បំពាក់​និង​ប្រគល់​វិញ្ញាបនបត្រ​ជាន់ខ្ពស់ បញ្ជាក់​កម្រិត​ខ្សែក្រវាត់​ខ្មៅ​ថ្នាក់ ៦​ដាន់ ដល់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង​ថតរូប​ទុក​ជា​អនុស្សាវរីយ៍​ក្រោម​បរិយាកាស​សប្បាយរីករាយ​ស្និទ​ស្នាល​បំផុត​។​

​ជា​ចុងក្រោយ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​របស់​ភាគី​កូរ៉េខាងត្បូង ដែល​តែងតែបាន​ជួយ​ជ្រោមជ្រែង​ផ្តល់​គ្រូបង្វឹក​ក្បាច់គុន​តេក្វាន់​ដូ រួមទាំង​សម្ភារៈ​ជាច្រើន​ទៀត ក្នុង​ការបណ្ដុះបណ្ដាល​យ៉ាង​យកចិត្តទុកដាក់​ដល់​ក្រុម​គ្រូ​បង្គោល​អាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ពេលកន្លងមក ក៏ដូចជា​ការប្រគល់​វិញ្ញាបនបត្រ​ជាន់ខ្ពស់ បញ្ជាក់​កម្រិត​ខ្សែក្រវាត់​ខ្មៅ​ថ្នាក់ ៦​ដាន់ ជូន​ដល់​លោក​ក្នុងថ្ងៃនេះ​ផងដែរ​។ លោក​ឧត្តមសេនីយ៍ឯក​បញ្ជា​ក់ថា ការបណ្ដុះបណ្ដាល​ក្រុម​គ្រូ​បង្គោល​កន្លងមកនេះ គឺ​បាន​ផ្តល់​នូវ​បច្ចេកទេស បទពិសោធន៍ ចំណេះ​ជំនាញ​ថ្មីៗ សម្រាប់​យក​ទៅ​បង្ហាត់​បន្ត​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ទីបញ្ជាការ ក៏​ដូច​ជា​កម្លាំង​នៅតាម​បណ្ដាល​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ដើម្បី​ជួយ​ឲ្យ​កាយសម្បទា​រឹងមាំ​រហ័សរហួន​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ផ្សេងៗ អោយ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *