កម្ពុជា​-​សិង្ហ​បុរី ប្ដេជ្ញា​បន្ត​ជំរុញ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​

នា​ព្រឹក ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សិង្ហ​បុរី នៅ​វិមាន​សន្តិភាព ក្នុងឱកាស​ដែល​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ជា​កិច្ច​ចាប់ផ្ដើម​, សម្តេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ក្នុងឱកាស​នៃ​ការបំពេញ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង នៅ​កម្ពុជា​។ សម្តេច​បវរ​ធិបតី ក៏​បាន​សម្តែង​ការអបអរសាទរ​ជាថ្មី​ម្តងទៀត​ចំពោះ​ជ័យជំនះ​របស់​ឯកឧត្តម និង​គណបក្ស People’s Action Party ក្នុង​ការបោះឆ្នោត​នាពេល​ថ្មីៗ​នេះ ដែល​លទ្ធផល​នេះ​ស្តែង​ឱ្យឃើញ​នូវ​ទំនុកចិត្ត និង​ការជឿជាក់​របស់​ប្រជាជន​សិង្ហ​បុរី ចំពោះ​ការដឹកនាំ​របស់​ឯកឧត្តម​នាយករដ្ឋមន្ត្រី​។

​ជា​ការឆ្លើយតប​, ឯកឧត្តម​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បាន​ថ្លែងអំណរគុណ​សម្តេច​បវ​រ​ធិបតី យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ ជូន​ចំពោះ ឯកឧត្តម និង​គណៈប្រតិភូ​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មកកា​ន់​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​នេះ ស្រប​ពេល​ខួប​ទី​៦០ នៃ​ការ​បង្កេីត​ទំនាក់ទំនង​ការទូត នៃ​ប្រទេស​ទាំង​ពីរ និង​បាន​ឆ្លុះបញ្ចាំង អំពី​ភាព​ជា​ដៃគូ​យូរអង្វែង និង​រឹងមាំ រវាង​ប្រទេស​យើង​ទាំង​ពីរ ក្នុងពេល​បច្ចុប្បន្ន និង ត​ទៅ​អនាគត​។​

​ថ្នាក់​ដឹក​ទាំង​ពីរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ យូរអង្វែង និង​ប្រកបដោយ​ផ្លែផ្កា រវាង​កម្ពុជា និង សិង្ហ​បុរី ព្រមទាំង​សម្ដែង​ក្ដី​រីករាយ និង​ស្វាគមន៍​ចំពោះ​ការរៀបចំ​នូវ​ព្រឹត្តិការណ៍​នានា ដើម្បី​អបអរសាទរ​ខួប​ទី​៦០​នៃ​ការ​បង្កេីត​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​។ ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​វាយតម្លៃ​ខ្ពស់​អំពី​ការសម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន ដែល​កើតចេញ​ពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​គ្រប់​កម្រិត និង​គ្រប់​វិស័យ​, ព្រមទាំង​ប្ដេជ្ញា​បន្ត​ជំរុញ​ពង្រឹង និង​ពង្រីក កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​នេះ ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។

​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​, ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​ពិភាក្សា និង​ឯកភាព​គ្នា​ក្នុង​ការបន្ត​ពង្រឹងពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សំខាន់ៗ​ជាច្រើន រួមមាន​៖ ពាណិជ្ជកម្ម​, វិនិយោគ និង​ហិរញ្ញវត្ថុ​, ការតភ្ជាប់​ប្រជាជន និង​ប្រជាជន​, ការពារជាតិ និង​សន្តិសុខ​, កសិកម្ម​, សន្តិសុខ​ស្បៀង និង​ថាមពល​, និង ការបណ្តុះបណ្តាល​ជំនាញ និង វិជ្ជាជីវៈ​។ ក្នុង​ក្របខ័ណ្ឌ​ពហុភាគី​, ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​គ្នា​អំពី​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​នៃ​ប្រទេស និង​ប្រជាជន​ទាំងពីរ​៕

Leave a Reply

Your email address will not be published. Required fields are marked *