មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ខ្សែក្រវ៉ាត់​ខ្មៅ​តេក្វាន់​ដូ ០៦​ដាន់ និង កា​រ៉ាតេ ៥​ដាន់ ណែនាំ​ក្បាច់គុណ​ដល់ កម្លាំង​ក្រោម​ឱវាទ ត្រៀម​ចូលរួម​សម្តែង​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៣២ ទិវា​បង្កើត​កងរាជអាវុធហត្ថ​!


​ដោយ​ទទួលបាន​ការអនុញ្ញាត ពី​សំណាក់ លោកនាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឱ្យ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រៀម​ចូលរួម​សម្តែង​ក្បាច់គុណ ក៏ដូចជា​យុទ្ធវិធី​ក្នុងការ​ទប់ទល់​ប្រឆាំង​ជាមួយនឹង​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ ក្នុងឱកាស​អបអរសាទ​រ​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៣២ ទិវា​បង្កើត​កងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) និង​សម្ពោធ​សមិទ្ធផល​នានា នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​សែន​រីករាយ នាពេលខាងមុខ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ជាប់​ជាប្រចាំ ក្រោម​ការត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែល​គេ​ដឹងថា បាន​ទទួល​ការបំពាក់​ខ្សែក្រវាត់​ខ្មៅ​តេក្វាន់​ដូ ០៦​ដាន់ ពី​លោកគ្រូ​ព្រឹទ្ធាចារ្យ ជុង ប៊ុន​ហ៊ី​ន នៃ​អគ្គស្នងការ​តេក្វាន់​ដូ​ពិភពលោក គុគ​គី​វ៉ុន កម្រិត ៨​ដាន់ កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៥ និង ខ្សែក្រវ៉ាត់​ខ្មៅ​កា​រ៉ាតេ ៥​ដាន់ ពី​ឯកឧត្តម​ប្រធាន​សហព័ន្ធ​កា​រ៉ាតេ​កម្ពុជា គឺ​ឯកឧត្ដម បណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី ២៩ ខែ សីហា ២០២៤ បាន​ចុះ​ណែនាំ​ក្បាច់គុន​ដោយផ្ទាល់ ដល់​កងកម្លាំង ដែល​កំពុង​ធ្វើ​ការហ្វឹកហាត់​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ត្រៀម​ចូលរួម​សម្ដែង​ក្បាច់គុណ និង​យុទ្ធវិធី​ក្នុង​កម្មវិធី​ខាងលើ ឲ្យទទួល​បាន​ជោគជ័យ​តាម​ផែនការ​ដែល​បាន​កំណត់​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *