ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​ជូនពរ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងឱកាស​ចម្រើន​ជន្មាយុ​

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារ​ជូនពរ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ជ័យ​មង្គល នៃ​ខួបកំណើត​របស់​សម្តេច​កិត្តិ​ស​ង្គ​បណ្ឌិត គម្រប់​៧២​ឆ្នាំ ឈានចូល ៧៣​ឆ្នាំ នា​ថ្ងៃ​សុក្រ ៦​រោច ខែ​ស្រាពណ៍ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៥​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ យើងខ្ញុំ​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​ជា​ថ្នាក់ដឹកនាំ​ស្ត្រី​មួយ​រូប​ពោរពេញ​ទៅដោយ​គុណធម៌ និង​គំរូ​វីរភាព​ដ៏​ប្រពៃ ដែល​បាន​យក​អស់កម្លាំង កាយ​ចិត្ត ប្រាជ្ញា ស្មារតី ក្នុង​ការរួមចំណែក​ដ៏​ធំធេង​ក្នុង​បុព្វហេតុ​បម្រើ​ជាតិ មាតុភូមិ ជាពិសេស តែងតែ​ខិតខំ ប្រឹងប្រែង​លើកស្ទួយ​សិទ្ធិនារី ការពារ​អត្តសញ្ញាណ​ជាតិ ប្រពៃណី ទំនៀមទម្លាប់ និង​វប្បធម៌​ជាតិ​ដ៏​ល្អ​ផូរផង់ និង​បាន​ចូលរួម​គ្រប់​សកម្មភាព​ក្នុង​ទិសដៅ​បម្រើ​ឧត្តមប្រយោជន៍​សុខសន្តិភាព ស្ថិរភាព ភាព​ចម្រុងចម្រើន​ន ប្រទេសជាតិ និង​សុខុមាលភាព​ប្រជាជន​។​

​នា​ឱកាស​ដ៏​ប្រសើរ​ថ្លៃថ្លា​នេះ យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ ទាំងឡាយ​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា​ប្រទាន ពរជ័យ សិរី​សួស្តី ជ័យ​មង្គល​គ្រប់ប្រការ​ជូន​ដល់ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ព្រមទាំង​បុត្រាបុត្រី ចៅប្រុស ចៅស្រី សូម​សម​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *