ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​អបអរសាទរ និង​ជូនពរ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ក្នុង​ឱកាស​ទទួលបាន​នូវ​ពានរង្វាន់ «Smile Asia Philanthropic Visionary Award» លើក​ទី​២

​ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារ​អបអរសាទរ និង​ជូនពរ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ស្ត្រី​ទី​១​របស់​កម្ពុជា ក្នុងឱកាស​ដែល​លោកជំទាវ​បណ្ឌិត ទទួលបាន​នូវ​ពានរង្វាន់ «Smile Asia Philanthropic Visionary Award» លើក​ទី​២ នៅក្នុង​កម្មវិធី «Smile Asia Charity Gala 2025» ដោយ​មាន​ការប្រគល់​ដោយ​ផ្ទាល់​ពី​លោកស្រី Gan Siow Huang, Minister of State ទទួលបន្ទុក​កិច្ចការបរទេស និង​ទទួល​បន្ទុក​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​នា​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២៥​។​

​ពានរង្វាន់ «Smile Asia Philanthropic Visionary Award» ត្រូវបាន​បង្កើតឡើង ដើម្បី​ផ្ដល់ជូន​ជា​កិត្តិយស​ដល់​បុគ្គល​ឆ្នើម​រូប​ណា ដែល​បាន​ចូលរួម​ចំណែក​សំខាន់ ក្នុង​សង្គម​លើ​វិស័យ​ថែទាំ​សុខភាព ហើយ​ពានរង្វាន់​នេះ​ជា​លើកដំបូង​ត្រូវបាន​ប្រគល់​ថ្វាយ​ជូន​ម្ចាស់​ក្សត្រី​នៃ​ប្រទេស​ប៊ូ​តង់ ហើយ​លោកជំទាវ​បណ្ឌិត គឺ​ជា​ភរិយា​ថ្នាក់​ដឹកនាំ​មួយ​រូប​ពី​កម្ពុជា ដែល​បាន​ទទួល​ដំបូង​គេ​។​

​តាមរយៈ​ពានរង្វាន់​នេះ សូម​កោតសរសើរ​ដ៏​ស្មោះ ជូន​លោក​ជំទាវ​បណ្ឌិត ដែល​ជា​ថ្នាក់ដឹកនាំ​មួយរូប ប្រកប​ដោយ​គុណធម៌ សប្បុរសធម៌ និង​មាន​ឆន្ទៈ​ដ៏​មោះមុត បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ កម្លាំងចិត្ត បញ្ញា​ស្មារតី ដោយ​មិន​ខ្លាច​នឿយហត់ ក្នុង​ការចូលរួមចំណែក​យ៉ាង​សកម្ម​ចំពោះ​អង្គការ Smile Cambodia ក៏ដូចជា ការយកចិត្តទុកដាក់​ចំពោះ​សុខភាព និង​សុខុមាលភាព​របស់​កុមារ ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​នេះ រហូត​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ និង​មាន​ការទទួលស្គាល់​ពី​មជ្ឈដ្ឋាន​ជាតិ​-​អន្តរជាតិ​។​

​ជាថ្មី​ម្តងទៀត ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា នៃ​ការទទួល​បាន​នូវ​ពានរង្វាន់ យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ ទាំងឡាយ​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា​ប្រទាន ពរជ័យ សិរី​សួស្តី ជ័យ​មង្គល​គ្រប់ប្រការ​ជូន​ដល់ ជូន​ដល់​លោកជំទាវ​បណ្ឌិត និង​សម្តេច​មហា​បវរ​ធិបតី ព្រមទាំង​បុត្រា​-​បុត្រី សូម​សម​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Leave a Reply

Your email address will not be published. Required fields are marked *