ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ​ ​ពិភាក្សា​អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​នៅ​កម្ពុជា

​នា​រសៀល​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានអនុញ្ញាត​ឱ្យ​លោក ចូសេ​ហ្វ សូ​យ័រ អ្នកសម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិ (UN) ប្រចាំ​ប្រទេស​កម្ពុជា និង​សហការី ចូលជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។​

​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​លោក ចូសេ​ហ្វ សូ​យ័រ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ភ្នាក់ងារ​អង្គការសហប្រជាជាតិ ដែល​នៅតែ​បន្ត​ផ្ដល់​ការគាំទ្រ​ដល់​ប្រទេស​កម្ពុជា តាមរយៈ​ការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​។​

​បើ​តាម​ប្រមុខ​ក្រសួងមហាផ្ទៃ​កម្ពុជា ទីភ្នាក់ងារ UN បានរួម​ដំ​ណែ​ក​ក្នុង​ដំណើរការ​ស្ដារ​ប្រទេស​កម្ពុជា ក្រោយ​សង្គ្រាម រួមទាំង​ការពង្រឹង​សមត្ថភាព​ជាតិ ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ ជាពិសេស​ការជួយ​គាំទ្រ​កម្ពុជា ក្នុងការ​ធ្វើ​មូលដ្ឋាន​នីយកម្ម​គោលដៅ​សកល​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ឱ្យស្រប​ទៅ​នឹង​បរិការណ៍​កម្ពុជា​ដើម្បី​ពន្លឿន​ការសម្រេចបាន​នូវរ​បៀ​បវារៈ ឆ្នាំ​២០៣០​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ជម្រាបជូន​លោក ចូសេ​ហ្វ សូ​យ័រ​ ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា រួម​ជាមួយ​អង្គការ​សហប្រជាជាតិ ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​មួយ​ចំនួន រួមមាន ៖ អភិបាលកិច្ច​នៅ​ថ្នាក់ក្រោម​ជាតិ សុវត្ថិភាព​ផ្លូវថ្នល់ ការប្រឆាំង​ហិង្សា​ផ្នែក​យេនឌ័រ បម្រែបម្រួល​អាកាសធាតុ សន្តិសុខ​ស្បៀង កិច្ច​ការពារ​សង្គម​ជាអាទិ៍​។​

​ជា​ការឆ្លើយតប​លោក ចូសេ​ហ្វ សូ​យ័រ​ ​អ្នកសម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​ប្រទេស​កម្ពុជា បាន​សម្ដែង​ការអបអរសាទរ​ជូន ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ដែល​ត្រូវបាន​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ផ្ដល់​កិច្ច​សហការ​ជាមួយ​អង្គការ​សហប្រជាជាតិ​នា​ពេល​កន្លងមក​នេះ​។​

​ក្នុងជំនួប​នោះ​ដែរ​ ​អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ ប្រចាំ​ប្រទេស​កម្ពុជា ក៏​បាន​គូសបញ្ជាក់​ជូន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ថា​អង្គការ​សហប្រជាជាតិ ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការគាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ស្រប​តាម​គោលដៅ​ដែល​បាន​គ្រោងទុក​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *