ឯកឧត្តម ឆាយ ឫទ្ធិសែន រួមដំណើរដោយថ្នាក់ដឹកនាំ មន្រ្ដីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ អញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវជនបទ….!

ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃអាទិត្យ ១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយថ្នាក់ដឹកនាំ មន្រ្ដីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ អញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវជនបទ ចំនួន ១ខ្សែ ស្ថិតនៅក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ និងកាដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែងស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ខ្សែផ្លូវទី១ នេះមានឈ្មោះ ព្រៃវាំង-ដំណាក់ទ្រព្យ មានប្រវែងសរុប ៨,៣៥គ.ម. ទទឹងប្រវែង ៦ម៉េត្រ ចិញ្ចើមសងខាងប្រវែង ១ម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៨ គ.ម និងក្រាលបេតុង (RC) ០,៣៦គ.ម មានសំណង់សិល្បការ្យជាលូប្រអប់ចំនួន ២កន្លែង លូមូលចំនួន ១៧ កន្លែង តភ្ជាប់ពីភូមិបួជ្រេស ទៅដល់ភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ វឌ្ឍនភាពសម្រេចលទ្ធផលបាន ៩៥% ដោយមានប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ០៩៦គ្រួសារ ស្មើនឹង ៤ ៦៤២ នាក់ និងទទួលផលប្រយោជន៍ដោយប្រយោលចំនួន ៥ ២៣០គ្រួសារ ស្មើនឹង ២៣ ១៦៧នាក់។ ខ្សែផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ។

បន្ទាប់ពីបានពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវខាងលើរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានបេតុងថ្មីមួយកន្លែងឆ្លងកាត់ស្ទឹងពោធិ៍សាត់ ដែលតភ្ជាប់ពី ភូមិបោះពួយ ឃុំលាច ទៅកាន់ភូមិព្រែកបី ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានប្រវែង ១៤៤ម៉ែត្រ ទទឹង ១០ម៉ែត្រ អនុវត្តដោយកងវិស្វកម្ម ក្រសួងការពារជាតិ បច្ចុប្បន្នសម្រេចបានប្រមាណ ១៧% ដែលនឹងត្រូវជំនួសស្ពានដែកបេឡេតិ៍ចាស់ទ្រុឌទ្រោមប្រវែង ១៣៨ម៉ែត្រ ទទឹង ៤ម៉ែត្រ ដែលរងការខូចខាតយ៉ាងខ្លាំងនៅផ្នែកសសរគ្រឹះខាងក្រោមដែលអាចបង្កជាគ្រោះថ្នាក់ជាយថាហេតុ ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី បានសម្រេចឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការសាងសង់ស្ពានបេតុងថ្មីជូនប្រជាពលរដ្ឋប្រើប្រាស់ជំនួស។

នាឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យកាដ្ឋានសាងសង់ផ្លូវ និងស្ពានទាំងពីរកន្លែងនោះ អាជ្ញាធរ និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើ បានសម្ដែងនូវសេចក្ដីសាទររីករាយ និងថ្លែងអំណរគុណជាពន់ពេកចំពោះរាជរដ្ឋាភិបាល ដែលជានិច្ចការតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានដោះស្រាយការលំបាកឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ បានគ្រប់កាលៈទេសៈ៕

Leave a Reply

Your email address will not be published. Required fields are marked *